គោលការណ៍ធានាគុណភាពផលិតផលប្រចាំតំបន់អាស៊ីខាងកើត និងអូសេអានី សម្រាប់សំបកកង់រថយន្តដឹកអ្នកដំណើរ រថយន្តដឹកទំនិញធុនស្រាល រថយន្តដឹកទំនិញ រថយន្តក្រុង និងម៉ូតូ មានសុពលភាពចាប់ពីថ្ងៃទី01 ខែមករា ឆ្នាំ2026

នីតិវិធី៖

  • ការធានានេះ អនុវត្តផ្តាច់មុខសម្រាប់តែអ្នកទិញផលិតផល MICHELIN® រួមទាំងម៉ាកផ្សេងទៀតដែលគ្រប់គ្រងដោយក្រុមហ៊ុ​ន Michelin Group  និងផលិតផលដែលបានលក់តាមរយៈតំណាងចែកចាយផ្ទាល់ដែលមានសិទ្ធិស្របច្បាប់នៅក្នុងប្រទេសនីមួយៗ។ ការធានានេះ គ្របដណ្តប់លើប្រភេទផលិតផលដូចខាងក្រោម៖

    • សំបកកង់រថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញធុនស្រាល

    • សំបកកង់រថយន្តដឹកទំនិញ និងរថយន្តក្រុង

    • សំបកកង់ទោចក្រយានយន្ត

  • សំបកកង់ MICHELIN® ដែលប្រើប្រាស់ក្រោមលក្ខខណ្ឌធម្មតា និងគោរពតាមការណែនាំអំពីការថែទាំ និងបម្រុងប្រយ័ត្នផ្នែកសុវត្ថិភាពរបស់ក្រុមហ៊ុន Michelin នឹងទទួលបានការធានារាល់កំហូចនានាពាក់ព័ន្ធនឹងបច្ចេកទេសនៃការរចនា ការផលិត និងវត្ថុធាតុដើម ស្របតាមខចែង និងលក្ខខណ្ឌដែលបានបញ្ជាក់នៅក្នុងឯកសារនេះ។

ចំណុចដែលស្ថិតក្រោមការធានា និងរយៈពេលនៃការធានា

សំបកកង់សម្រាប់ផ្លាស់ប្ដូររបស់ MICHELIN® នៅពេលប្រើប្រាស់ក្នុងលក្ខខណ្ឌធម្មតាជាមួយរថយន្តដែលបានបំពាក់សំបកកង់នេះតាំងពីដំបូងមក ត្រូវទទួលបានការធានាដូចខាងក្រោម៖

  • “ការធានានៅតែបន្តមានសុពលភាពរហូតដល់ពេលដែលក្រឡាសំបកកង់ដើមដែលអាចប្រើប្រាស់នោះ សឹករេចរឹលអស់ ឬរហូតដល់រយៈពេលប្រាំមួយ (6) ឆ្នាំ គិតចាប់ពីថ្ងៃទិញ (ដោយយោងលើការបង្ហាញឯកសារបញ្ជាក់ការទិញលក់ដែលមានសុពលភាព) អាស្រ័យលើករណីណាមួយដែលកើតឡើងមុន។”

  • នៅពេលផុតរយៈពេលកំណត់ដែលបានចែងខាងលើ រាល់ការធានាទាំងអស់ ទោះបីជាការធានាដោយជាក់លាក់ ឬដោយប្រយោលក្ដី ត្រូវចាត់ទុកថាបានបញ្ចប់។

  • ពាក្យថា ក្រឡាសំបកកង់ដើមដែលអាចប្រើប្រាស់បាន សំដៅលើជម្រៅក្រឡាសំបកកង់ដែលគិតចាប់ពីជម្រៅក្រឡាដើម សឹកដល់ចំនុចបង្ហាញកម្រិតសឹករឹលនៃក្រឡាសំបកកង់ ដូចដែលបានបញ្ជាក់លម្អិតខាងក្រោម៖

ប្រភេទសំបកកង់

ក្រឡាសំបកកង់ដែលនៅសល់ (មីល្លីម៉ែត្រ)

សំបកកង់រថយន្តដឹកអ្នកដំណើរ និងរថយន្ត
ដឹកទំនិញធុនស្រាល

1.6

សំបកកង់រថយន្តដឹកទំនិញ និងរថយន្តក្រុង

1.6

សំបកកង់ម៉ូតូ

0.8

* ការទាមទារសំណងលើសំបកកង់ អាចធ្វើទៅបាន លុះត្រាតែអាយុកាលផលិតនៃសំបកកង់យូរបំផុតត្រឹម 10 ឆ្នាំ គិតចាប់ពីថ្ងៃផលិត។

  • កាលបរិច្ឆេទទិញ ត្រូវកំណត់ដោយយោងលើវិក្កយបត្រលក់សំបកកង់ច្បាប់ដើម។

  • ដើម្បីរក្សាសុពលភាពនៃការធានាលើការសឹករេចរឹលនៃក្រឡាកង់ អតិថិជនត្រូវឆ្លាស់សំបកកង់ តាមចន្លោះពេលដែលបានណែនាំដោយក្រុមហ៊ុនផលិតរថយន្ត ឬតាមរយៈពេលនៃការឆ្លាស់សំបកកង់ដែលខ្លីជាងការកំណត់។ ការខកខានមិនបានឆ្លាស់សំបកកង់ស្របតាមលក្ខខណ្ឌតម្រូវទាំងនេះ នឹងធ្វើឱ្យការធានាលើការសឹករេចរឹលនៃក្រឡាសំបកកង់នេះ ត្រូវចាត់ទុកជាមោឃៈ។

ចំណុចដែលមិនស្ថិតក្រោមការធានា

ការធានានេះមិនគ្របដណ្តប់លើកំហូចទាំងឡាយណាដែលកើតឡើងដោយ៖

  • ការបំពាក់សំបកកង់មិនត្រឹមត្រូវ សំបកកង់ និងយ៉ាន់មិនមានលំនឹង ឬការជួសជុលមិនត្រឹមត្រូវ។

  • សម្ពាធខ្យល់មិនគ្រប់ សម្ពាធខ្យល់លើសកម្រិត ការថែទាំមិនត្រឹមត្រូវ ឬទម្រង់នៃការប្រើប្រាស់ខុស ឬការប្រើប្រាស់ដោយបំពានផ្សេងទៀត។

  • ភាពមិនប្រក្រតីនៃប្រព័ន្ធមេកានិចរបស់រថយន្ត ដូចជាការតម្រង់កង់មិនត្រឹមត្រូវ ដែលបណ្តាលឱ្យសំបកកង់សឹកមិនស្មើគ្នា ឬសឹកលឿនខុសធម្មតា។

  • សំបកកង់ដែលបានបំពាក់ ឬប្រើប្រាស់ជាមួយ វ៉ាល់ យ៉ាន់ ឬកង់ ដែលមិនត្រូវគ្នា ឬមិនត្រឹមត្រូវ។

  • រថយន្តដែលដឹកទំនិញលើសទម្ងន់ ឬបើកបរលើសល្បឿនកំណត់ ដែលបានកត់សម្គាល់នៅលើជញ្ជាំងសំបកកង់ ឬលើសពីការណែនាំរបស់ក្រុមហ៊ុនផលិតរថយន្ត។

  • សំបកកង់មួយទឹក រួមទាំងសំបកកង់ដែលបំពាក់លើរថយន្តជជុះ ឬរថយន្តនាំចូល ដោយគ្មានវិក្កយបត្របញ្ជាក់ការទិញ។

  • ស្នាមសំប៉ែតលើសំបកកង់ ដែលបណ្តាលមកពីការទុកដាក់មិនត្រឹមត្រូវ ឬការចាក់សោហ្វ្រាំងជាប់។

  • សំបកកង់ដែលមិនបានបំពាក់ ឬប្រើប្រាស់ស្របតាមការណែនាំបច្ចេកទេសរបស់ក្រុមហ៊ុនផលិត ដែលបានផ្សព្វផ្សាយជាទៀងទាត់។

  • ការខូចខាតដែលបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ អគ្គិភ័យ ការប៉ះពាល់សារធាតុគីមី ការផ្ទុះ ការកែច្នៃសំបកកង់ ឬការបំផ្លិចបំផ្លាញ។

  • សំបកកង់ដែលបានទិញពីអ្នកចែកចាយដែលមិនមានការអនុញ្ញាត។ ការខូចខាតដែលបណ្តាល
    មកពីអាកាសធាតុ ឬឥទ្ធិពលកំដៅថ្ងៃ។

  • ការប្រើប្រាស់សំបកកង់ MICHELIN® ដែលមិនត្រូវតាមព័ត៌មានសុវត្ថិភាព និង/ឬព័ត៌មានថែទាំដែលបានផ្តល់ជូន។

លក្ខខណ្ឌនៃសំណង និងការលើកលែង

  • ក្នុងករណីដែលសំបកកង់មិនអាចប្រើប្រាស់បានក្រោមលក្ខខណ្ឌនៃការធានានេះ ដោយស្របតាមឆន្ទានុសិទ្ធិទាំងស្រុងរបស់ខ្លួន MICHELIN® អាចនឹង៖

    • សងជូនវិញនូវតម្លៃនៃសំបកកង់ដោយផ្អែកលើជម្រៅក្រឡាសំបកកង់ដែលនៅសល់ ឬផ្តល់សំណងក្នុងទម្រង់ផ្សេងទៀតស្របតាមគោលការណ៍ពាណិជ្ជកម្មរបស់ក្រុមហ៊ុនជាគោល។

    • ការធានានេះមិនរាប់បញ្ចូល៖ ថ្លៃសេវាកម្ម ថ្លៃសេវាដំឡើង និងថ្លឹងសំបកកង់ ការខាតបង់ពេលវេលា ការខកខានមិនបានប្រើប្រាស់រថយន្ត ភាពរអាក់រអួល ឬការខូចខាតដោយសារផលវិបាកណាមួយក្នុងកម្រិតដែលច្បាប់អនុញ្ញាត។

  • សំបកកង់ដែលប្រគល់ជូនទៅកាន់ភ្នាក់ងារចែកចាយស្របច្បាប់របស់ MICHELIN ដើម្បីផ្ដល់ជាសំណង នៅតែជាកម្មសិទ្ធិរបស់អតិថិជន។ MICHELIN នឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ ឬការខូចខាតណាមួយចំពោះសំបកកង់ នៅពេលដែលសំបកកង់ស្ថិតក្រោមការរក្សាទុក ឬការគ្រប់គ្រងដោយភ្នាក់ងារចែកចាយស្របច្បាប់ក្នុងគោលបំណងត្រួតពិនិត្យឡើយ។ សំបកកង់ដែលបានទទួលដោយភ្នាក់ងារចែកចាយស្របច្បាប់ សម្រាប់ការផ្តល់សំណង នឹងក្លាយជាកម្មសិទ្ធិរបស់ MICHELIN។ ក្នុងករណីមានវិវាទ អតិថិជនត្រូវផ្តល់សំបកកង់នោះដើម្បីធ្វើការត្រួតពិនិត្យបន្ថែម។

  • ភ្នាក់ងារចែកចាយស្របច្បាប់ តំណាង ឬបុគ្គលិករបស់ក្រុមហ៊ុន MICHELIN ទាំងអស់ មិនមានសិទ្ធិក្នុងការធ្វើ ឬបញ្ជាក់អំពីការអះអាង ការសន្យា ឬការព្រមព្រៀងណាមួយដែលកែប្រែលក្ខខណ្ឌនៃការធានានេះឡើយ។ លើកលែងតែអ្វីដែលបានចែងយ៉ាងច្បាស់លាស់នៅក្នុងឯកសារនេះ រាល់ការធានាដោយប្រយោល ការធានារ៉ាប់រង ការអះអាង ការសន្យា ឬការទទួលខុសត្រូវផ្សេងទៀតដែលកើតចេញពីការរំលោភបំពាន ត្រូវបានដកចេញក្នុងកម្រិតដែលច្បាប់អនុញ្ញាត។

 

**ការធានានេះ ផ្តល់ជូនអ្នកប្រើប្រាស់នូវសិទ្ធិស្របច្បាប់ជាក់លាក់ ហើយអ្នកប្រើប្រាស់ក៏អាចមានសិទ្ធិបន្ថែមផ្សេងទៀតដែលប្រែប្រួលទៅតាមច្បាប់នៃប្រទេសនីមួយៗផងដែរ។

គោលការណ៍នេះ ត្រូវអនុវត្តចំពោះបណ្ដាប្រទេសក្នុងតំបន់អាស៊ីខាងកើត និងអូសេអានី ទាំងអស់ រួមទាំងក្រុមហ៊ុន MICHELIN CAMBODIA ផងដែរ។